កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមហាកុដិតេជោរ៉ានីរតនៈវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានព្រះសង្ឃ យាជីតាជី មន្រ្តីរាជការ សិស្សានុសសិស្ស និងយុវជនជាច្រើនពាន់នាក់។
មហាកុដិតេជោរ៉ានីរតនៈ នេះបានសាងសង់គិតជាទឹកប្រាក់ ចំនួន ៥៤៣,៧៨៩ដុល្លារ ក្នុងនោះបច្ច័យរបស់សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារចំនួន ៣២៤,៨២១ដុល្លារ។ មហាកុដិនេះមានទំហំ៣១,៤៥ ម៉ែត្រ x១៧,៦៤ម៉ែត្រ កម្ពស់២ជាន់ ដំបូលប្រក់ក្បឿង ស្របតាមរចនបថខ្មែរ។
ចាប់តាំងពីសម័យសង្រ្គាម លុន នុល ជាពិសេសគឺសម័យ ប៉ុលពត ដែលបានធ្វើអោយវិស័យព្រះពុទ្ឋសាសនា ស្ទើតែរលាយសាបសូន្យ។ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺទាំងវិស័យអាណាចក្រនិងពុទ្ឋចក្រមានការរីកចម្រើនព្រមគ្នា ហើយសព្វថ្ងៃនេះព្រះពុទ្ឋសាសនា បានចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេស។ សមិទ្ឋផលដែលមានក្នុងទីអារាមនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំរើផ្នែកព្រះពុទ្ធសាសនា និងជាប្រយោជន៍សំរាប់ព្រះសង្ឃ និងសិស្សនិស្សិតក្រីក្រ ស្នាក់នៅរៀនសូត្រ និងសំរាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិផងដែរ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមុខនេះ សម្តេចតេជោ ហ៊ុន សែន សំណូមពរប្រជាពលរដ្ឋទូទាំងប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ សូមកុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ ហើយត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា កុំអោយពេលសប្បាយក្នុងពិធីចូលឆ្នំាថ្មីក្លាយជាទុក្ខ។
ទន្ទឹមនិងនោះដែរ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ សូមកុំឆ្លៀតដំឡើងថ្លៃនៅក្នុងថ្ងៃចូលឆ្នាំថ្មី ព្រោះភាគច្រើនគឺកម្មករ កម្មការិនីរបស់យើងត្រូវទៅលេងស្រុក កំណើត ហើយត្រូវវិលពីស្រុកកំណើតមកកាន់ទីក្រុងដើម្បីធ្វើការវិញ។ សូមម្ចាស់រថយន្តទាំងរថយន្តឈ្នួលធំៗទាំងតាក់ស៊ី (Taxi) សូមមេត្តាយោគយល់អំពីបញ្ហានេះផង ហើយតម្លៃប្រេងសាំងក៏បានបញ្ចុះថ្លៃរួចហើយដែរ។ ចំពោះយុវជន យុវនារីខ្មែរ សូមចៀសវាងការលេងល្បែង «គប់ទឹក» និង «ប៉ាតម្សៅ» នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗ។ ពីព្រោះការគប់ទឹកទៅលើអ្នកជិះកង់ម៉ូតូអាចបង្កអោយដួលមានគ្រោះថ្នាក់។ ដោយឡែក ការលេងប៉ាតម្សៅ អាចធ្វើឱ្យប៉ះពាល់ដល់កូនក្រមុំ-ប្រពន្ធគេ បាត់បង់ក្រវិល ខ្សែករបស់គេ ដែលអាចបណ្តាលអោយមានរឿងរ៉ាវកើតឡើង។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទូទាំងប្រទេសប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដែលអាចកើតមានដោយយថហេតុណាមួយ តាមការអុជទៀនធូបទទួលទេវតាឆ្នាំថ្មី។ ចំពោះសមត្ថកិច្ច សម្តេចតេជោ ហ៊ុន សែន បានរំឭកដល់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខសុវត្តិភាព ជូនប្រប្រជាពលរដ្ឋគ្រប់ទីកន្លែងអោយបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិ បានប្រគេន និងផ្តល់បច្ច័យមួយចំនួនដល់ ព្រះសង្ឃ យាយជី តាជី ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់មហាកុដិតេជោរ៉ានីរតនៈ ចាប់ពីពេលនេះតទៅ និងជួបសំណេះសំណាល និងថតរូបជាអនុស្សាវរីយ៌ជាមួយប្រជាពលរដ្ឋប្រកបដោយបរិយាកាសស្និទ្ឋស្នាលនិងរីករាយក្រៃលែង៕
No comments:
Post a Comment